ប្រវត្តិរបស់ ស.ធ.ម
វិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្ស (IHRD) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនដោយលិខិតទទួលស្គាល់លេខ ៣៦១ ចុះថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ១៩៩៨ ពីក្រសួងមហាផ្ទៃ ក្នុងក្របខ័ណ្ឌជាអង្គការមិនមែន រដ្ឋាភិបាលមួយ ដែលផ្តល់ការបណ្ដុះបណ្ដាលជំនាញរយៈពេលខ្លី វគ្គសិក្សារយៈពេលពី ៣ ទៅ ៦ ខែ និង រយៈពេលមួយឆ្នាំលើមុខវិជ្ជាឯកទេស គណនេយ្យ ទីផ្សារ ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ កិច្ចការរដ្ឋបាល និងជំនាញលេខាធិការ ក៏ដូចជាភាសាបរទេស។
IHRD ត្រូវបានអនុញ្ញាតឱ្យបណ្ដុះបណ្ដាល កម្រិតបរិញ្ញាបត្ររង កម្មវិធីសិក្សារយៈពេល២ឆ្នាំ តាមរយៈប្រកាសលេខ ៧៣៨ អយក.ប្រក ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០០១ ពីក្រសួងអប់រំយុវជននិងកីឡា។ កម្មវិធី បណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររងនេះ ផ្តោតសំខាន់ទៅលើជំនាញសិក្សាផ្នែកគ្រប់គ្រងធុរកិច្ច លើឯកទេស សំខាន់ៗដូចជា៖ គណនេយ្យ ទីផ្សារ និងការគ្រប់គ្រងអាជីវកម្ម។
វិទ្យាស្ថានត្រូវបានអនុញ្ញាតឱ្យបណ្ដុះបណ្ដាល កម្រិតបរិញ្ញាបត្ររង សិក្សារយៈពេល២ឆ្នាំ ផ្នែកភាសាអង់គ្លេស តាមរយៈប្រកាសលេខ ០២ អយក.ប្រក ចុះថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០០៣ ពីក្រសួងអប់រំ យុវជន និងកីឡា។ ជាថ្មីម្តងទៀត វិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបានលើកទឹកចិត្តឱ្យពង្រីកកម្មវិធីអប់រំ និង បណ្តុះបណ្តាល កម្រិតថ្នាក់បរិញ្ញាបត្រ លើឯកទេសសិក្សាជាច្រើន ក្នុងមហាវិទ្យាល័យបីគឺ៖ មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម មហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងមហាវិទ្យាល័យអប់រំ ដែលត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈអនុក្រឹត្យលេខ ០១ អនក្រ.បក ចុះថ្ងៃទី ០៩ ខែមករាឆ្នាំ ២០០៣។
វិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបានចុះបញ្ជីជាសមាជិកនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។
វិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបានប្រកាសទទួលស្គាល់ និងប្រែក្លាយទៅជាសាកលវិទ្យាល័យធនធាន មនុស្សដោយអនុក្រឹត្យលេខ៤១ អនក្រ.បក ចុះថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០០៥ របស់រាជរដ្ឋាភិបាលកម្ពុជា។ សាកលវិទ្យាល័យធនធានមនុស្ស (HRU) មានកម្មវិធីបណ្តុះបណ្តាលកម្រិតក្រោយបរិញ្ញាបត្រ (ថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ និងថ្នាក់បណ្ឌិត) និងមានមហាវិទ្យាល័យចំនួនប្រាំ សម្រាប់កម្មវិធីបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញបត្ររង ដែលរួមមាន៖មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ច មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ និងមហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តនយោបាយ។
គណៈគ្រប់គ្រងរបស់សាកលវិទ្យាល័យធនធានមនុស្ស តែងតែមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការកសាងវប្បធម៌ គុណភាពអប់រំនៅក្នុងសាកលវិទ្យាល័យ។ ជាលទ្ធផលយើងបានទទួល ការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធ សម្រាប់ការវាយតំលៃថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងការទទួលស្គាល់ជាបណ្តោះអាសន្ន លើការវាយតំលៃគុណភាពអប់រំរបស់គ្រឹះស្ថានឧត្តមសិក្សាទាំងមូល ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) នៅក្នុងឆ្នាំ ២០០៥-២០០៦ (សូមបញ្ជាក់ផងដែរថារហូតមកដល់បច្ចុប្បន្ននេះ ការផ្តល់ទទួលស្គាល់គុណភាពអប់រំ លើគ្រឹះស្ថានឧត្តមសិក្សាទាំងមូល ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា នៅត្រឹមកម្រិតការទទួលស្គាល់ជាបណ្តោះអាសន្នតែប៉ុណ្ណោះ មិនទាន់មានការវាយតម្លៃដើម្បីទទួលស្គាល់គុណភាពអប់រំ ពេញសិទ្ធនៅឡើយ)។ សាកលវិទ្យាល័យធនធានមនុស្សបានក្លាយជាគ្រឹះស្ថាន អប់រំឧត្តមសិក្សា ដែលមានប្រជាប្រិយភាព និងពេញនិយមនៅក្នុងប្រទេសកម្ពុជាដោយមានការទទួលស្គាល់ និងគាំទ្រយ៉ាងពេញទំហឹង ពីក្រសួងអប់រំយុវជននិងកីឡា ថាជាស្ថាប័នអប់រំដែលមានគុណភាពខ្ពស់។
សាកលវិទ្យាល័យធនធានមនុស្ស បានពង្រីកកម្មវិធីអប់រំរបស់ខ្លួន រហូតដល់ថ្នាក់បណ្ឌិត តាមរយៈប្រកាសលេខ ៥១ អយក.ប្រក ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០០៨ របស់ក្រសួងអប់រំយុវជននិងកីឡា។ ជារៀងរាល់ឆ្នាំការចុះឈ្មោះនិស្សិតចូលរៀនឆ្នាំទី១ថ្មី មានជាង១០០០នាក់។ រហូតមកដល់ឆ្នាំ ២០១៨ ចំនួននិស្សិតសរុបដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យធនធានមនុស្ស គឺមានចំនួនប្រហែល ៣៧,០០០ នាក់ ហើយបច្ចុប្បន្នមាននិស្សិតប្រមាណ ៦,៥០០នាក់ កំពុងតែសិក្សា។