Rector’s Message
បណ្ឌិត ជា សុភាព សាកលវិទ្យាធិការ
ក្នុងនាមសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ- ធនធានមនុស្ស ខ្ញុំមានកិត្តិយសសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ពិសេសប្អូនៗនិស្សិតទាំងអស់ ដែលបានផ្ដល់ទំនុកចិត្ត និងគាំទ្រសាកលវិទ្យាល័យធនធានមនុស្សតាំងពីការចាប់ផ្តើមក្នុងឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន។
ដើម្បីឆ្លើយតបទៅនឹងការគាំទ្រ ការផ្ដល់ទំនុកចិត្តមកលើគុណភាពអប់រំ និងបំពេញតាមតម្រូវការនៃការបណ្ដុះបណ្ដាល គណៈគ្រប់គ្រងសាកលវិទ្យាល័យ បានប្ដេជ្ញាយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ទទួលខុសត្រូវខ្ពស់ និងប្រើប្រាស់ធនធានដែលខ្លួនមាន ដើម្បីធ្វើឱ្យសម្រេចតាមចក្ខុវិស័យរបស់ខ្លួន ជាសាកលវិទ្យាល័យដែលឈានមុខនៅកម្ពុជាលើការអប់រំ បណ្ដុះបណ្ដាល និងការស្រាវជ្រាវ ប្រកបដោយគុណភាពខ្ពស់ ធ្វើឱ្យនិស្សិតកំពុងសិក្សានិងបញ្ចប់ការសិក្សា មានសមត្ថភាពជំនាញនិងក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ និងមានការទទួលស្គាល់ ជាលក្ខណៈ ជាតិនិងអន្តរជាតិ ឆ្លើយតបទៅនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមជាតិ ក៏ដូចជាសមាហរណកម្ម អាស៊ាន និងសាកលភាវូបនីយកម្ម។ ក្នុងន័យនេះ គណៈគ្រប់គ្រងសាកលវិទ្យាល័យ បានកំណត់ទិសដៅអាទិភាពចំនួន៧ គឺ៖
១-លើកកម្ពស់អភិបាលកិច្ច/ការគ្រប់គ្រង-ដឹកនាំ
២-ធ្វើបច្ចុប្បន្នភាព អភិវឌ្ឍកម្មវិធីសិក្សាឱ្យឆ្លើយតបតម្រូវការទីផ្សារការងារនិងក្របខណ្ឌ គុណវុឌ្ឍិជាតិ
៣-ពង្រឹង គុណភាពបង្រៀននិងការអភិវឌ្ឍសមត្ថភាពបុគ្គលិកសិក្សា
៤-ពង្រឹងគុណភាពសិក្សានិងស្រាវជ្រាវរបស់និស្សិត
៥-ផ្ដល់សេវាសិក្សាល្អ រួមទាំង សេវាជួយរកការងារសម្រាប់និស្សិត និងការលើក កម្ពស់សហគ្រិនភាពដល់និស្សិត
៦-ពង្រឹងនិងអភិវឌ្ឍប្រព័ន្ធធានាគុណភាពផ្ទៃក្នុង
៧-បន្តអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងធនធានសិក្សា។ ដោយមានចក្ខុវិស័យច្បាស់លាស់ បេសកកម្មត្រឹមត្រូវ គោលដៅជាក់លាក់ បទពិសោធន៍ ធនធានគ្រប់គ្រាន់ និងប្រកាន់ខ្ជាប់នូវគុណតម្លៃ នៃការបណ្តុះបណ្តាលទាំង៥គឺ សមត្ថភាព គុណភាព ឧត្តមភាព សីលធម៌ និងការទទួលខុសត្រូវ ប្អូនៗ ដែលសម្រេចចិត្តសិក្សានៅ HRU ពិតជាជម្រើស ដ៏ត្រឹមត្រូវ ហើយពិតជាទទួលបាននូវសមត្ថភាពជំនាញពេញលេញ ភាពជាអ្នកដឹកនាំ សហគ្រិនភាព គំនិតច្នៃប្រឌិត មនសិការការងារ ស្មារតីទទួល ខុសត្រូវខ្ពស់និងមានបុគ្គលិកលក្ខណៈសម្បត្តិល្អប្រសើរ ក្លាយជាធនធានបញ្ញាដ៏មានសក្កានុពល និងមានតម្លៃសម្រាប់ការងារ គ្រួសារ និងសង្គមជាតិ ពិសេសធ្វើឱ្យសុបិនក្លាយជាការពិត ព្រោះសាកលវិទ្យាល័យនេះ នឹងនាំប្អូនៗដើរលើវិថីនៃជីវិត ដែលពោរពេញដោយសមត្ថភាព ជំនាញ ភាពជឿជាក់ និងជោគជ័យយ៉ាងពិតប្រាកដ ដែលឆ្លុះបញ្ចាំងតាមរយៈអត្រានិស្សិតមានការងារធ្វើរហូតដល់៩៣%។
យើងខ្ញុំសូមស្វាគមន៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្អូនៗសិស្ស និស្សិតទាំងអស់ ដែលអញ្ជើញមកទស្សនានិងសាកសួរព័ត៌មានសិក្សា នៅសាកលវិទ្យាល័យធនធានមនុស្ស ដោយក្តីសោមនស្សរីករាយ។
សូមជូនពរសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។