សន្និបាតបូកសរុបលទ្ឋផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅសាកលវិទ្យាល័យធនធានមនុស្ស
នៅថ្ងៃទី២២ខែមករា ឆ្នាំ២០២០ វេលាម៉ោង ០៧:៣០នាទីព្រឹក នៅសាកលវិទ្យាល័យធនធានមនុស្ស បានរៀបចំសន្និបាតបូកសរុបលទ្ឋផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម សាស្រ្តាចារ្យ បណ្ឌិត សេង ផល្លី ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យធនធានមនុស្ស ដែលមានសមាសភាពចូលរួមអង្គសន្និបាត សរុបចំនួន២២៧នាក់ ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត សេង ផល្លី បានលើកឡើងថា ឆ្លងកាត់បទពិសោធន៍ បណ្តុះបណ្តាលជាង២២ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យធនធានមនុស្សបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំនេះជារៀងរាល់ឆ្នាំ ក្នុងគោលបំណងពិនិត្យនិងវាយតម្លៃលើលទ្ធផលការងារគ្រប់ផ្នែក ដែលសម្រេចបានក្នុងឆ្នាំនីមួយៗ សន្និបាតប្រចាំឆ្នាំនេះបានបង្ហាញនូវ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ការលើកសំណូមពរ និងដំណោះស្រាយ ព្រមទាំងរួមគ្នាដាក់ចេញនូវទិសដៅការងារសម្រាប់ឆ្នាំ២០២០ ដើម្បីបន្តអនុវត្តផែនការយុទ្ធសាស្រ្ត ដំណាក់កាលទី៣ (២០២០-២០២៤) របស់សាកលវិទ្យាល័យធនធានមនុស្ស។ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតបានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះគណៈគ្រប់គ្រង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង បុគ្គលិក សាស្រ្តាចារ្យ ដែលបានខិតខំបំពេញតួនាទី និងភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានភាព អំណត់ សាមគ្គីភាពផ្ទៃក្នុងល្អ និងអនុវត្តការងារដោយភាពឆ្លាតវៃ ដោះស្រាយបញ្ហានិងឧបសគ្គនានាទាន់ពេលវេលា និងទទួលបានជោគជ័យគួរជាទីមោទនៈក្នុងឆ្នាំចាស់កន្លងទៅ។ ឯកឧត្តមសាស្រ្តាចារ្យក៏បានថ្លែងអំណរគុណចំពោះនិស្សិត និងអាណាព្យាបាលទាំងអស់ ដែលផ្តល់ទំនុកចិត្ត គាំទ្រ និងបានសម្រេចចិត្ត ជ្រើសរើសនិងសិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស។ ឯកឧត្តមសាស្រ្តាចារ្យ បានសម្តែងការអបអរសាទរវាយតម្លៃខ្ពស់លើសមិទ្ធផលនិងស្នាដៃ ដែលសាកលវិទ្យាល័យសម្រេចបាន ជាពិសេសការពង្រឹងគុណភាព អប់រំ ដែលជាមូលដ្ឋានគ្រឹះនៃការរក្សាប្រជាប្រិយភាព កិត្យានុភាព ឧត្ដមភាព និងនិរន្តរភាពរបស់សាកលវិទ្យាល័យ ព្រមទាំងគាំទ្រចំពោះទិសដៅការងារថ្មីរបស់សាកលវិទ្យាល័យសម្រាប់ឆ្នាំ២០២០ ដែលបានរៀបចំឡើងដោយមានការគិតពិចារណាយ៉ាងច្បាស់លាស់មានលក្ខណៈជាយុទ្ធសាស្រ្ត ព្រមទាំងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងសាស្រ្តាចារ្យ ដែលបានលើកយកប្រធានបទល្អៗ មកធ្វើបទបង្ហាញ ចែករំលែកចំណេះដឹង បទពិសោធន៍ថ្មីៗ និងទស្សនវិស័យនានា ដែលជាតម្រូវការសម្រាប់បច្ចុប្បន្នភាពនៃការអភិវឌ្ឍកម្មវិធីអប់រំបណ្តុះបណ្តាល ក៏ដូចជាជួយអភិវឌ្ឍការងារអាជីពក្នុងវិស័យអប់រំឱ្យកាន់តែប្រសើរឡើង។
- ដើម្បីជាជំនួយដល់ការដឹកនាំសាកលវិទ្យាល័យ ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព ប្រចាំឆ្នាំ ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត ឯកឧត្តមសាស្រ្តាចារ្យ ប្រធានក្រុមប្រឹក្សាភិបាល បានផ្តល់អនុសាសន៍ និងដោះស្រាយនូវបញ្ហាប្រឈមដូចខាងក្រោម ៖រួមគ្នាអនុវត្តឱ្យបានជោគជ័យនូវផែនការសកម្មភាពប្រចាំឆ្នាំ២០២០ តាមរយៈការបែងចែក ផែនការ សកម្មភាពរបស់សាកលវិទ្យាល័យទាំងមូល ទៅឱ្យការិយាល័យ មហាវិទ្យាល័យ មជ្ឈមណ្ឌល និងផ្នែកផ្សេងៗទៀតទទួលខុសត្រូវ និងកំណត់កម្មវិធីការងារប្រចាំខែច្បាស់លាស់ ដោយបែងចែកការងារឱ្យបុគ្គលម្នាក់ៗអនុវត្ត ។
- ត្រូវរៀបចំយុទ្ធសាស្ត្រ និងផែនការជ្រើសរើសនិស្សិតសម្រាប់ឆ្នាំសិក្សាថ្មី២០២០–២០២១ ដើម្បីបង្កើនចំនួននិស្សិតចុះឈ្មោះចូលរៀនឱ្យបានច្រើនបន្ថែមទៀត ។
- បន្តយកចិត្តទុកដាក់ពង្រឹងលើការងារគ្រប់គ្រង (មន្ត្រី ការងារបច្ចេកទេស និងការងាររដ្ឋបាល) ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ឱ្យសម្រេចបានតាមទិសដៅការងារ និងផែនការសកម្មភាពដែលបានកំណត់។
- គ្រប់គ្រងនិងលើកទឹកចិត្តមន្ត្រីបុគ្គលិកគ្រប់កម្រិតនិងជ្រើសរើសបុគ្គលិកមានសមត្ថភាព ។
- បន្តអភិវឌ្ឍគ្រូបង្រៀន តាមរយៈការបង្កើនកម្រិតគុណវុឌ្ឍិ ការស្រាវជ្រាវ និងការប្រជុំផ្លាស់ប្ដូរ បទពិសោធន៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពបង្ហាត់បង្រៀន ។
- បន្តអភិវឌ្ឍនិងកែលម្អកម្មវិធីសិក្សាឱ្យស្របតាមទីផ្សារការងារនិងមុខរបរ ។
- បន្តពង្រឹងគុណភាពអប់រំ តាមរយៈយន្តការធានាគុណភាពអប់រំផ្ទៃក្នុងនិងខាងក្រៅ។
- បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលើកកម្ពស់ប្រជាប្រិយភាព កិត្យានុភាព ឧត្ដមភាព និងនិរន្តរភាពរបស់សាកលវិទ្យាល័យ។
- បន្តកែលម្អការផ្ដល់សេវានិស្សិតដែលបានសំណូមពរ និងពង្រឹងវិន័យសិក្សា វិន័យបង្រៀន វិន័យ ប្រឡង វិន័យមន្ត្រី ដើម្បីទទួលបានការពេញចិត្តពីនិស្សិត។
- បន្តអញ្ជើញវាគ្មិនដែលមានបទពិសោធន៍ និងជោគជ័យមកធ្វើបាឋកថា ។
- បន្តអភិវឌ្ឍនូវធនធានសិក្សា និងធនធានរូបវន្តនិងពង្រឹងការថែទាំជួសជុល ដើម្បីកាត់បន្ថយការចំណាយ និងការខូចខាត។
- បន្តយកចិត្តទុកដាក់តាមដាន ត្រួតពិនិត្យ វាយតម្លៃ ការអនុវត្តភារកិច្ចរបស់មន្ត្រីគ្រប់កម្រិត គ្រប់ផ្នែក តាមរយៈរបបប្រជុំទៀងទាត់ តាមការកំណត់ ។
- បន្តពង្រឹងនិងជំរុញការងារស្រាវជ្រាវសម្រាប់សាកលវិទ្យាល័យនិងការសរសេរសារណាសម្រាប់និស្សិត។
នៅចុងបញ្ចប់ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត សេង ផល្លី បានកោតសរសើរ និងឱ្យតម្លៃខ្ពស់ ចំពោះគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ ដៃគូសហប្រតិបត្តិការជាតិ និងអន្តរជាតិ និងប្អូនៗនិស្សិតទាំងអស់ ដែលបានចូលរួមចំនែកបន្តលើកស្ទួយវិស័យអប់រំឱ្យកាន់តែល្អប្រសើរ ដើម្បីរួមចំណែកជាមួយរាជរដ្ឋា ភិបាល ក្នុងការអភិវឌ្ឍមូលធនបញ្ញា សម្រាប់បន្តវេន និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ ។
Leave a Reply