សន្និសីទសារព័ត៌មានស្តីពី ផលប៉ះពាល់នៃគ្រឿងស្រវឹង

កាលព្រឹកថ្ងៃសុក្រ ០៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៨ ក្រុមយុវជនស្ម័គ្រចិត្តដើម្បីសុខភាព និងជាក្រុមនិស្សិត នៃសាកលវិទ្យាល័យធនធានមនុស្ស បានរៀបចំ សន្និសីទសារព័ត៌មានស្តីពី ផលប៉ះពាល់នៃគ្រឿងស្រវឹង ឧបត្ថម្ភដោយអង្គការចលនាសុខភាពកម្ពុជា និងសាកលវិទ្យាល័យធនធានមនុស្ស ដែលមាននិស្សិតចូលរួមប្រមាណ១៥០នាក់។
សន្និសីទនេះរៀបចំឡើងក្នុងគោលបំណងដើម្បីទាញការចាប់អារម្មណ៍ពីសារធារណៈជន ពិសេសយុវជន ឱ្យបានយល់ដឹងអំពីគ្រោះថ្នាក់ធ្ងន់ធ្ងរ នៃការប្រើប្រាស់គ្រឿងស្រវឹង ចំពោះជោគវាសនាអនាគតរបស់ខ្លួនផ្ទាល់ ផលប៉ះពាល់ចំពោះគ្រួសារ និងសង្គមជាតិ ព្រមទាំងស្វែងយល់ពីឥទ្ធិពលនៃការផ្សព្វផ្សាយគ្រឿងស្រវឹង តាមគ្រប់រូបភាព ដែលជារូបភាពទាក់ទាញដល់យុវវ័យ និងសាធារណៈជនទូទៅក្នុងសង្គមខ្មែរ ក៏ដូចជាសំណូមពររបស់យុវជន ចំពោះវិធានការឬចំណាត់ការលើការផ្សេព្វផ្សាយ ការទាក់ទាញ និងការជម្រុញលើកទឹកចិត្តយុវជនឱ្យប្រើប្រាស់គ្រឿងស្រវឹង។ កម្មវិធីនេះក៏ជាការផ្តល់ឱកាសដល់ក្រុមយុវជនស្ម័គ្រចិត្តដើម្បីសុខភាព ដែលជានិស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស និងនិស្សិតពីគ្រឹះស្ថានឧត្តមសិក្សា នានា បានចូលរួមសកម្មភាព បង្ហាញទស្សនៈរបស់ខ្លួន ក្នុងការងារសង្គមដ៏មានអត្ថន័យនេះផងដែរ។
កម្មវិធីសន្និសីទនេះ ក្រៅពីជាសារក្រើនរំលឹក និងអប់រំសុខភាព ដល់សារធារណៈជន ឱ្យជៀសផុត ឬកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ក៏ជាផ្នែកមួយនៃការអប់រំណែនាំ ផ្តល់នូវចំណេះដឹង នៃការអប់រំសុខភាព ដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សផងដែរ ដែលប្អូនៗនិស្សិតចូលរួមស្តាប់ ត្រូវព្យាយាម ទទួលយកចំណេះដឹង និងបទពិសោធន៍ សម្រាប់ប្រតិបត្តិឱ្យបានត្រឹមត្រូវសម្រាប់ជីវិតរបស់ខ្លួន និងមិនបណ្តោយឱ្យការអូសទាញនាំខ្លួន ទៅប្រឈមនឹងផលប៉ះពាល់ឬគ្រោះថ្នាក់ដែលបំផ្លាញដល់ជីវិតរបស់ខ្លួន។
ក្នុងកម្មវិធីនេះក្រៅពីប្អូនៗនិស្សិតនិងយុវជនស្ម័គ្រចិត្ត បានធ្វើបទបង្ហាញអំពី គ្រោះថ្នាក់ និងផលប៉ះពាល់ការប្រើប្រាស់គ្រឿងស្រវឹង ពីឥទ្ធិពលនៃការផ្សព្វផ្សាយគ្រឿងស្រវឹងដល់សង្គមកម្ពុជា និងការទស្សនាវីដេអូ អប់រំពីផលប៉ះពាល់នៃគ្រឿងស្រវឹង ក៏មានសំណូរចម្លើយរវាងសារព័ត៌មាននានា ជាមួយនឹងយុវជនស្ម័គ្រចិត្តដើម្បីសុខភាព អំពីបំណងនៃការរៀបចំកម្មវិធីនេះ និងទស្សនៈនានារបស់យុវជនជុំវិញប្រធានបទ។
គណៈគ្រប់គ្រងសាកលវិទ្យាល័យធនធានមនុស្ស រំពឹងថាយុវជនកម្ពុជា ពិសេសនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នឹងមានការយល់ដឹងទូលំទូលាយ ហើយប្រើប្រាស់ចំណេះដឹងទាំងនេះ ប្រតិបត្តិឱ្យបានប្រសើរសម្រាប់ជីវិតរបស់ខ្លួន និងបន្តចូលរួមសកម្មភាពអប់រំណែនាំមិត្តភក្តិ យុវជនដទៃទៀត ដើម្បីសេចក្តីសុខ និងអនាគតប្រសើរឡើងរបស់សង្គមកម្ពុជា ហើយក៏រំពឹងថាស្ថាប័នពាក់ព័ន្ធ នឹងចូលរួមអប់រំ ពីផលប៉ះពាល់នៃគ្រឿងស្រវឹង ទប់ស្កាត់ ឬចាត់វិធានការឆ្លើយតបទៅនឹងកង្វល់និងសំណូមពររបស់យុវជន ដែលបានស្នើសុំ ឱ្យមានវិធានការគ្រប់គ្រងការផ្សព្វផ្សាយគ្រឿងស្រវឹង ពិសេសស្នើសុំឱ្យមានការបង្កើតនិងអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង។

 

Leave a Reply

avatar
  Subscribe[:km]សាប់ស្រ្កៃ  
Notify of[:km]ជូនដំណឹងអំពី