សិក្ខាសាលាស្តីពី តួនាទី និងអត្ថប្រយោជន៍ពន្ធ និងប្រព័ន្ធពន្ធដារ នៅកម្ពុជា

កាលព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០១៨ នៅសាកលវិទ្យាល័យធនធានមនុស្ស មានរៀបចំ សិក្ខាសាលាស្តីពី តួនាទី និងអត្ថប្រយោជន៍ពន្ធ និងប្រព័ន្ធពន្ធដារនៅកម្ពុជា សហការរៀបចំដោយ សាកលវិទ្យាល័យធនធានមនុស្ស អគ្គនាយកដ្ឋានពន្ធដារ និងអង្គការ JICA ប្រទេសជប៉ុន ដែលមានសាស្រ្តាចារ្យ និងនិស្សិតចូលរួមប្រមាណ៤០០នាក់។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹង លើការអប់រំវិស័យពន្ធដារ  ប្រព័ន្ធពន្ធដារជាតិ និងអន្តរជាតិ ពិសេសផ្តោតលើ តួនាទី និងអត្ថប្រយោជន៍ពន្ធ ប្រព័ន្ធពន្ធដារនៅកម្ពុជា និងប្រព័ន្ធពន្ធដារនៅប្រទេសជប៉ុន ព្រមទាំងផ្តល់នូវចំណេះដឹងពាក់ព័ន្ធនឹង ទំនាក់ទំនងរវាងពន្ធដារ និងអ្នកប្រកបអាជីវកម្ម ក្រុមហ៊ុន សហគ្រាស អង្គការជាតិ/អន្តរជាតិ និងប្រជាពលរដ្ឋ ដែលមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ក៏ដូចជាយន្តការនិងមធ្យោបាយរបស់រាជរដ្ឋភិបាលដើម្បីធានានូវប្រសិទ្ធភាពក្នុងការប្រមូលពន្ធ។  ខ្លឹមសារ នៃសិក្ខាសាលា ក៏ពាក់ព័ន្ធជាមួយមុខវិជ្ជាសិក្សាមួយចំនួន នៅក្នុងកម្មវិធីសិក្សាកម្រិតឧត្តមសិក្សារបស់សាកលវិទ្យាល័យធនធានមនុស្សផងដែរ ដែលតម្រូវឱ្យសាស្រ្តាចារ្យនិងនិស្សិតត្រូវសិក្សាស្វែងយល់ ពីបរិបទថ្មីៗនៃវឌ្ឍនភាព និងការអប់រំវិស័យពន្ធដារ ក្រោមក្របខ័ណ្ឌកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

បន្ទាប់ពីលោក ម៉ុតូ ស៊ីហ្សុគិ ប្រធានផ្តល់ប្រឹក្សា JICA ធ្វើបទបង្ហាញអំពី តួនាទី​ និងអត្ថប្រយោជន៍ពន្ធ និងលោក ជ័យ រិទ្ធី អនុប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ នៃអគ្គនាយកដ្ឋានពន្ធដារ ធ្វើបទបង្ហាញអំពី ប្រព័ន្ធពន្ធដារនៅកម្ពុជា យ៉ាងក្បោះក្បាយរួចមក សិក្ខាកាម បានលើកជាសំណួរយ៉ាងផុសផុលពាក់ព័ន្ធនឹងប្រព័ន្ធពន្ធដារតួនាទី និងអត្ថប្រយោជន៍ពន្ធ ប្រភេទពន្ធ បែបបទ នីតិវិធី និងកាតព្វកិច្ចនៃការបង់ពន្ធ។ល។ ដែលទាំងនេះវាមិនគ្រាន់តែបានផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត លើសពីការសិក្សាទ្រឹស្តីក្នុងថ្នាក់ សម្រាប់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស ប៉ុន្តែជាចំណេះដឹងមូលដ្ឋានសម្រាប់អនុវត្តនិងបំពេញកាតព្វកិច្ច ក្នុងការបង់ពន្ធរបស់គ្រប់រូបវន្តបុគ្គល និងនីតិបុគ្គល បម្រើឱ្យផលប្រយោជន៍សង្គមជាតិផងដែរ។

បន្ទាប់ពីអង្គសិក្ខាសាលានេះ លោក ម៉ុតូ ស៊ីហ្សុគិ ប្រធានផ្តល់ប្រឹក្សា JICA ក៏បានផ្តល់ការឆ្លើយតបទៅនឹង សន្និសីទសារព័ត៌មាន ដោយលើកឡើងពី តួនាទី និងអត្ថប្រយោជន៍ពន្ធ ក្នុងការអភិវឌ្ឍប្រទេសជាតិ ពិសេសផ្តើមចេញពីការបញ្ជ្រាបការយល់ដឹងដល់ប្រជាជនកម្ពុជាគ្រប់ស្រទាប់ រួមទាំងសិស្សនិស្សិត យុវជន ជំនាញ់ក្រោយ តាមរយៈការអប់រំស្តីពីពន្ធដារ។ បេសកកម្មរបស់ JICA សហការជាមួយអគ្គនាយកពន្ធដារ គឺអប់រំបណ្តុះបណ្តាលនិស្សិតតាមសាកលវិទ្យាល័យគោលដៅ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត និងបានរៀបចំវីដេអូតុក្កតា អប់រំអំពីពន្ធដារផងដែរ។ លោក ម៉ុតូ ស៊ីហ្សុគិ ក៏រំពឹងថាអគ្គនាយកពន្ធដារ និងក្រសួងអប់រំ នឹងពិចារណាលើយន្តការអប់រំស្តីពីពន្ធដារនេះដល់សិស្សតាមសាលា ដើម្បីពួកគេមានស្មារតី ចូលរួមចំណែកដោយស្ម័គ្រចិត្តក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធឱ្យបានត្រឹមត្រួវនៅពេលពួកគេចេញបំពេញការងារ។

គណៈគ្រប់គ្រងសាកលវិទ្យាល័យធនធានមនុស្ស សូមថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានពន្ធដារ និងអង្គការ JICA ដែលសហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ដ៏មានសារៈសំខាន់នេះ និងសូម អរគុណ ស្ថាប័នពាក់ពន្ធនានា ព្រមទាំងនិស្សិតទាំងអស់ដែលតែងតែ គោរពឱ្យតម្លៃ និង គាំទ្រដល់ការ បណ្តុះបណ្តាលនៅសាកលវិទ្យាល័យធនធានមនុស្ស ជារៀងរហូតមក។

 

បញ្ចេញមតិយោបល

avatar
  Subscribe[:km]សាប់ស្រ្កៃ  
Notify of[:km]ជូនដំណឹងអំពី